Luke 17

សេចក្ដីបង្រៀន​អំពីការ​លើកលែង​ និងជំនឿ​

1ព្រះ​យេស៊ូ​មានបន្ទូលទៅ​ពួក​សិស្សថា៖ ​«សេចក្ដី​ដែល​នាំ​ឲ្យ​ជំពប់ដួលត្រូវតែកើតមានប៉ុន្ដែវេទនា​ដល់​អ្នក​ណា​ដែលនាំ​ឲ្យ​មាន​សេចក្ដី​ជំពប់ដួល 2ហើយស៊ូ​ឲ្យ​អ្នកនោះចង​នឹង​ត្បាល់ថ្មហើយទម្លាក់ទៅក្នុងសមុទ្រប្រសើរជាង​ឲ្យ​អ្នក​នោះ​ធ្វើ​ឲ្យ​អ្នក​តូចណាម្នាក់​ក្នុង​ចំណោម​អ្នក​ទាំងនេះ​ជំពប់​ដួល 3ចូរប្រយ័ត្នខ្លួនបើបងប្អូន​របស់​អ្នកប្រព្រឹត្ដបាប​ចូរ​ទូន្មានគាត់ហើយបើគាត់ប្រែចិត្ដ​ចូរ​លើកលែងទោស​ឲ្យ​គាត់ចុះ 4បើគាត់​ប្រព្រឹត្ដបាបទាស់នឹងអ្នកក្នុង​មួយ​ថ្ងៃប្រាំពីរដងក៏ដោយពេលណា​គាត់​ត្រលប់មកអ្នកប្រាំពីរដង​ទាំង​និយាយថា​ខ្ញុំ​ប្រែចិត្ដហើយ​នោះ​ចូរ​លើក​លែង​ទោស​ឲ្យ​គាត់ចុះ»។ 5ពួកសាវកទូលព្រះអម្ចាស់ថា៖ ​«សូម​បន្ថែមជំនឿ​ដល់​យើងផង 6ព្រះអម្ចាស់ក៏មានបន្ទូលថា៖ ​«បើ​អ្នករាល់គ្នា​មានជំនឿប៉ុនគ្រាប់មូតា​មួយ​គ្រាប់​ហើយ​អ្នករាល់គ្នា​និយាយ​ទៅ​ដើមមននេះថា​ចូរ​រលើងឫស​ទៅ​ដុះក្នុងសមុទ្រទៅនោះវាមុខជា​ស្ដាប់​បង្គាប់អ្នករាល់គ្នាមិនខាន 7ក្នុងចំណោមអ្នករាល់គ្នាអ្នកដែលមានបាវបម្រើ​កំពុង​ភ្ជួរឃ្វាលចៀម​ពេល​បាវបម្រើ​នោះ​ត្រលប់​មក​ពីវាលវិញ​តើ​នឹង​ប្រាប់គាត់​ដែរ​ឬ​ថា​ចូរ​មកអង្គុយ​បរិភោគ​អាហារ​ភ្លាមមក? 8ផ្ទុយទៅវិញតើ​មិនប្រាប់ទេ​ឬ​ថា​ចូរ​រៀបចំអាហារ​ឲ្យ​ខ្ញុំ​បរិភោគហើយចាំបម្រើខ្ញុំរហូតដល់​ខ្ញុំ​បរិភោគ​រួចសិន​សឹមឯងបរិភោគតាមក្រោយ​ចុះ? 9តើចៅហ្វាយ​ត្រូវអរគុណបាវបម្រើ​ដោយ​ព្រោះតែ​បាវបម្រើ​បាន​ធ្វើកិច្ចការ​តាម​បង្គាប់? 10អ្នករាល់គ្នាក៏ដូច្នោះដែរពេលណា​អ្នករាល់គ្នា​ធ្វើកិច្ចការទាំងអស់តាមបង្គាប់​ចូរ​អ្នករាល់គ្នា​និយាយថា​យើង​ជាបាវបម្រើ​ដែល​គ្មានតម្លៃ​គឺ​យើង​ធ្វើអ្វីៗតាមតួនាទី​របស់​យើង​ប៉ុណ្ណោះ»។

ព្រះយេស៊ូប្រោស​មនុស្សឃ្លាង់​ដប់នាក់

11នៅពេល​ព្រះអង្គធ្វើដំណើរ​ទៅឯ​ក្រុង​យេរូសាឡិមកាត់តាមព្រំប្រទល់ស្រុកសាម៉ារីនិង​ស្រុក​កាលីឡេ 12ព្រះអង្គក៏​យាង​ចូលទៅក្នុងភូមិមួយ​ហើយ​បាន​ជួបមនុស្សឃ្លង់ដប់នាក់ដែលឈរពីចម្ងាយ 13ទាំងបន្លឺសំឡេងថា៖ ​«លោក​គ្រូយេស៊ូអើយ! ​សូម​មេត្ដា​ដល់​យើងផង»។ 14ពេលព្រះអង្គ​ឃើញក៏មានបន្ទូល​ទៅ​ពួកគេថា៖ ​«ចូរ​ទៅ​បង្ហាញ​ខ្លួនដល់​ពួក​សង្ឃចុះ» ​ពេលពួកគេ​កំពុង​ទៅ​ពួកគេ​ក៏បាន​ជា​ស្អាត 15កាលម្នាក់ក្នុងចំណោមពួកគេឃើញថា​ខ្លួន​បាន​ជាស្អាត​ក៏​ត្រលប់មកវិញ​ទាំង​សរសើរតម្កើងព្រះជាម្ចាស់ដោយសំឡេងឮៗ 16ហើយគាត់​ផ្កាប់​មុខ​ចុះ​នៅទៀបបាទាព្រះអង្គ​ទាំង​អរព្រះគុណព្រះអង្គអ្នកនោះជា​ជនជាតិ​សាម៉ារី 17ព្រះយេស៊ូមានបន្ទូលសួរថា៖ ​«តើ​មិន​បាន​ជា​ស្អាត​ទាំង​ដប់នាក់ទេ? ​ចុះប្រាំបួននាក់ទៀតនៅ​ឯ​ណា? 18ម្ដេចក៏​មិនឃើញ​អ្នក​ទាំងនោះត្រលប់មកថ្វាយសិរីរុងរឿង​ដល់​ព្រះជាម្ចាស់លើកលែងតែសាសន៍ដទៃ​ម្នាក់​នេះ​ដូច្នេះ?» 19រួចព្រះអង្គ​ក៏​មានបន្ទូល​ទៅ​គាត់ថា៖ ​«ចូរ​ក្រោកឡើង​ហើយ​ទៅ​ចុះជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នកជា​សះ​ស្បើយ​ហើយ»។

ការ​មក​ដល់​នៃ​នគរ​ព្រះជាម្ចាស់

20កាល​ពួក​អ្នកខាងគណៈផារិស៊ី​បាន​សួរ​ថានគរព្រះជាម្ចាស់មកដល់នៅ​ពេល​ណា​នោះ​ព្រះអង្គ​ក៏មានបន្ទូលឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«នគរព្រះជាម្ចាស់មិន​មែន​មកដោយសង្កេត​មើល​ឃើញឡើយ 21គ្មានអ្នក​ណា​នឹង​និយាយ​បាន​ថាមើល៍​នៅ​ទីនេះ​នៅ​ទីនោះ​បាន​ឡើយ​ដ្បិតមើល៍នគរព្រះជាម្ចាស់នៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។ 22រួចព្រះអង្គ​ក៏មានបន្ទូលទៅ​ពួក​សិស្សថា៖ ​«នឹង​មាន​ថ្ងៃ​មួយ​មក​ដល់នៅពេលដែល​អ្នករាល់គ្នា​ចង់ឃើញថ្ងៃមួយ​របស់​កូនមនុស្សប៉ុន្ដែ​អ្នករាល់គ្នា​មើល​មិនឃើញឡើយ 23ហើយពួកគេ​នឹង​ប្រាប់អ្នករាល់គ្នាថាមើល៍​នៅ​ទីនេះមើល៍​នៅ​ទីនោះ​ចូរ​កុំ​ចេញ​ទៅក្រៅតាម​ពួកគេ​ឲ្យ​សោះ 24ដ្បិតផ្លេកបន្ទោរជះពន្លឺពីជើងមេឃម្ខាងទៅជើងមេឃម្ខាងជាយ៉ាងណានៅថ្ងៃ​របស់​កូនមនុស្ស​នឹង​បាន​ដូច​ជាយ៉ាងនោះ​ដែរ។ 25ប៉ុន្ដែមុនដំបូងលោកត្រូវរងទុក្ខវេទនា​ជា​ច្រើនហើយត្រូវជំនាន់នេះបដិសេធ​ទៀត​ផង 26នៅសម័យ​លោក​ណូអេ​មាន​កើតឡើងជា​យ៉ាង​ណានៅថ្ងៃ​របស់​កូនមនុស្ស​នឹង​មាន​កើត​ឡើង​ជា​យ៉ាងនោះដែរ 27ពួកគេស៊ីផឹករៀបការ​ជា​ប្ដី​ប្រពន្ធ​រហូតដល់ថ្ងៃ​លោក​ណូអេចូលទៅក្នុងទូកធំហើយទឹកជំនន់ក៏មកបំផ្លាញ​អ្វីៗ​ទាំងអស់ទៅ 28និងដូចជានៅសម័យ​លោក​ឡុតដែរ​គឺ​ពួកគេ​ស៊ីផឹកលក់ដូរដាំដុះ​និង​សាងសង់ 29ប៉ុន្ដែនៅ​ថ្ងៃដែល​លោក​ឡុតចេញពី​ក្រុង​សូដុម​នោះ​មាន​ភ្លើងនិងស្ពាន់ធ័រធ្លាក់​មក​ពី​លើ​មេឃបំផ្លាញ​អ្វីៗ​ទាំងអស់ទៅ 30វានឹង​មាន​ហេតុការណ៍​ដូច្នោះដែរនៅថ្ងៃកូនមនុស្សលេចមក 31នៅថ្ងៃនោះអ្នកនៅលើដំបូលផ្ទះ​ដែល​មាន​របស់របរនៅក្នុងផ្ទះមិន​ត្រូវ​ចុះមកយករបស់ទាំងនោះទេអ្នកនៅ​ស្រែ​ចម្ការក៏ដូចគ្នាដែរមិន​ត្រូវ​បកមកក្រោយទៅ​យក​របស់របរទេ 32ចូរនឹក​ចាំ​ពី​ប្រពន្ធ​របស់​លោក​ឡុតចុះ 33ដ្បិតអ្នកណាដែលខិតខំរក្សាជីវិតខ្លួន​អ្នក​នោះ​នឹង​បាត់ជីវិតទៅប៉ុន្ដែអ្នកណាដែលបាត់បង់​ជីវិត​អ្នក​នោះ​នឹង​រក្សាជីវិតបាន​វិញ។ 34ខ្ញុំប្រាប់អ្នករាល់គ្នាថានៅយប់នោះ​មនុស្ស​ពីរនាក់​នៅ​លើគ្រែ​តែ​មួយម្នាក់​នឹង​ត្រូវ​ដក​យក​ទៅហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុកនៅ 35ឯស្ដ្រី​ពីរនាក់​កំពុង​កិនម្សៅជាមួយគ្នាម្នាក់​នឹង​ត្រូវ​ដក​យក​ទៅហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុកនៅ 36[បុរស​ពីរ​នាក់​ដែល​នៅ​ស្រែ​ចំការ​ម្នាក់​នឹង​ត្រូវ​ដក​យក​ទៅ​ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ។ ​]
នៅក្នុងឯកសារដើមមួយចំនួនពុំមានខនេះទេ ។
37កាលពួកគេ​ទូលសួរ​ព្រះអង្គ​ទៀត​ថា៖ ​«តើ​នៅ​ឯណា​ទៅព្រះអម្ចាស់អើយ?» ​នោះ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេថា៖ ​«សពនៅទីណា​សត្វ​ត្មាតក៏ផ្ដុំគ្នា​នៅ​ទីនោះដែរ»។
Copyright information for KhmKCB